គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពីកម្ពុជាឆ្ពោះទៅទ្វីបអាហ្រ្វិក : ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលចង់ប្រែក្លាយហ្វ្រង់កូហ្វូនីទៅជាកម្លាំងសេដ្ឋកិច្ច

កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៦ / សុខភាព / Author : ATH Sokren

ចាប់តាំងពី ២៥ ឆ្នាំ មកនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមបានបង្កើតទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយនិរន្តរភាពជាមួយបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំងមួយចំនួន។ ខណៈពេលនស​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅទីក្រុងភ្នំពេញជិតឈានមកដល់ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធាន​អគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹមបាន​ផ្តល់គំនិតបង្កើតសភាពាណិជ្ជកម្មហ្រ្វង់កូហ្វូនដើម្បីឱ្យក្រុមហ៊ុនសហគ្រាសកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ជួយសម្រួលដល់ការវិនិយោគ និងចែករំលែកចំណេះដឹងគ្នា។

ការផ្សងព្រេងនៅប្រទេសហ្គីណេ

អ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមឡើងនៅចុងឆ្នាំ១៩៩៨ ដើមឆ្នាំ១៩៩៩ ខណៈពេលដែលថ្នាំប្រមាណជាង១៥ មុខរបស់សហគ្រាសផលិតឱសថនៅកម្ពុជាត្រូវបានគេទិញដើម្បីផ្គត់ផ្គង់រោងចក្ររ៉ែរបស់ក្រុមហ៊ុន Pechiney នៅទីក្រុង Fria ប្រទេសហ្គីណេ។ បន្ទាប់មក កុងត្រាមានការវិវត្ត អ្នកជំងឺបន្តត្រូវការឱសថទាំងនោះ។ ឱសថស្ថានដ៏ធំមួយនៅរដ្ឋធានី Conakry បានទាក់ទងមកសហគ្រាសផលិតឱសថប៉េប៉េអឹមៈ នោះហើយជាឱកាសសម្រាប់ការចែកចាយឱសថចាប់តាំងពីឆ្នាំ២០០១ មកនៅប្រទេសហ្គីណេ បន្ទាប់មកនៅប្រទេសបេណាំង តូហ្គោ សេណេហ្កាល់ និងកូដឌីវ័រ។

សហគ្រាសអាចឈរជើងបាននៅទ្វីបអាហ្រ្វិកបែបនេះក៏ដោយសារតែគុណភាពឱសថ ការឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងទំនុកចិត្តរបស់ដៃគូពាណិជ្ជកម្មផងដែរ។ ការនិយាយភាសាដូចគ្នាផ្តល់ភាពងាយស្រួលដល់ទំនាក់ទំនង ប៉ុន្តែភាពជោគជ័យបានមកពីការចុះផ្ទាល់ដល់ទីកន្លែង។ ការចុះជួបដៃគូពាណិជ្ជកម្មជាប្រចាំនៅអាហ្រ្វិក និងការទទួលស្វាគមន៍ពួកគេនៅកម្ពុជារក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជួយសម្រួលដល់ការនាំចេញផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលទៅកាន់ទីផ្សារអាហ្រ្វិកផងដែរ។

បណ្តាញដែលបម្លែងលទ្ធភាពទៅជាគម្រោង

តើធ្វើបែបណាដើម្បីឱ្យក្រុមហ៊ុនជាច្រើនទៀតដើរតាមគន្លងមាគ៌ានេះ? លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បាន​ស្នើឱ្យមានសភាពាណិជ្ជកម្មហ្រ្វង់កូហ្វូនដែលជាកន្លែងផ្តល់ព័ត៌មាន និងបណ្តាញទំនាក់ទំនងយ៉ាងពិតប្រាកដ។ បើសហគ្រិនខ្មែរណាម្នាក់មានបំណងទៅធ្វើការនៅប្រទេសសេណេហ្កាល់ ឬក៏ដៃគូពាណិជ្ជកម្មជនជាតិអាហ្រ្វិកណាម្នាក់ចង់រកការងារនៅកម្ពុជា ពួកគេអាចស្វែងរកទំនាក់ទំនងដែលអាចទុកចិត្តបាន និងចំណេះដឹងផ្នែកទីផ្សារនៅសភាពាណិជ្ជកម្មហ្រ្វង់កូហ្វូន។

ទទួលបានការគាំទ្រពីប្រទេសពាក់ព័ន្ធ និងដឹកនាំដោយតួអង្គដែលស្គាល់ពីស្ថានភាពជាក់ស្តែងនៅក្នុងស្រុក សភាពាណិជ្ជកម្មមួយនេះនឹងលើកទឹកចិត្តឱ្យមានទំនាក់ទំនងសេដ្ឋកិច្ចផ្ទាល់រវាងបណ្តាប្រទេសហ្រ្វង់កូហ្វូនី។ រចនាសម្ព័ន្ធនេះអាចប្រមូលផ្តុំសហគមន៍នានាតាមវិស័យផ្សេងៗ ជាពិសេសក្នុងវិស័យសុខាភិបាល និងកសិ-ចំណីអាហារ អាចជួយគាំទ្រភាពជាដៃគូ និងលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

 

ផលិតរួមគ្នា ចែករម្លែកតម្លៃគ្នា

លើសពីការនាំចេញ សហគ្រាសផលិតឱសថប៉េប៉េអឹមកំពុងធ្វើការលើគម្រោងផ្ទេរបច្ចេកវិទ្យាឱសថទៅទ្វីបអាហ្រ្វិក ដោយពឹងផ្អែកលើបទពិសោធឧស្សាហកម្មឱសថរបស់ខ្លួននៅកម្ពុជា។ រចនាសម្ព័ន្ធរួមមួយនឹងផ្តល់នូវក្របខ័ណ្ឌនៃការជឿទុកចិត្តគ្នា ដើម្បីសម្រួលដល់ការវិនិយោគទាំងនេះ ដើម្បីអភិវឌ្ឍផលិតកម្មក្នុងស្រុក និងបង្កើតការងារ។ ការផ្លាស់ប្តូរបទពិសោធគ្នាគឺមានទៅមានមក ព្រោះថាទ្វីបអាហ្រ្វិកក៏មានចំណេះជំនាញដ៏មានប្រយោជន៍សម្រាប់កម្ពុជាផងដែរ។

ដោយ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មេដឹកនាំ​នយោបាយ លោក​ឧកញ៉ាឱសថបណ្ឌិតហៃ លីអ៉ាង សង្ឃឹម​ថា កិច្ចប្រជុំ​កំពូល​ហ្រ្វង់កូហ្វូនីនឹង​ផ្តល់​កម្លាំង​ជំរុញ​ដល់​សំណើ​នេះ។ បំណងប្រាថ្នាដ៏ធំរបស់លោកគឺ ប្រែក្លាយភាពជោគជ័យរបស់បុគ្គលម្នាក់ៗទៅជាថាមពលសមូហភាព ដើម្បីវិបុលភាពរួម ព្រោះលោកបានសង្កត់ធ្ងន់ថា៖ «ភាសាមួយអាចរីកចម្រើនបានលុះត្រាតែមានកម្លាំងជំរុញពីសេដ្ឋកិច្ចផងដែរ»៕